ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ចប់វិវាទដីធ្លី និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តក្រចេះ

Vannak News Network

(ក្រចេះ)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ចប់វិវាទដីធ្លី និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តក្រចេះ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តក្រចេះ។

កិច្ចប្រជុំនេះ មានការអញ្ជេីញពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការ ចំនួន ១៤០នាក់។



ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីសាយសំអាល់បានថ្លែងថាកិច្ចប្រជុំនេះគឺជាឱកាសរួមគ្នាបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងខេត្តក្រចេះ និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនាពេលខាងមុខដូច្នេះសុំស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមរកដំណោះស្រាយឱ្យបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗនិងចុះបញ្ជីដីឱ្យបានចប់សព្វគ្រប់ដើម្បីបញ្ចប់ភាពចម្រូងចម្រាស់លើបញ្ហាដីធ្លី ក្នុងខេត្តក្រចេះទាំងមូល។




ឯកឧត្តមសាយសំអាលបានថ្លែងថាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតីហ៊ុនម៉ាណែតការងារចុះបញ្ជីដីធី្លជាបញ្ហាសំខាន់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់។ដូច្នេះសូមជំរុញដល់ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋត្រូវខិតខំបំពេញភារកិច្ចនេះឱ្យបានល្អត្រឹមត្រូវនិងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់ជាពិសេសនោះគឺការបន្តសកម្មភាពរៀបចំចុះបញ្ជីដីធ្លីឱ្យបានរួចរាល់ប្រកបដោយប្រសិទ្ធភាពនិងសុក្រឹត្យភាព។


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថាកន្លងទៅថ្មីៗនេះសម្តេចបវរធិបតីហ៊ុនម៉ាណែតបានលើកឡើងថាការងារដែលត្រូវធ្វើបន្តត្រូវបែងចែកជាពីរគឺការងារចំពោះមុខនិងការងាររយៈពេលវែង។ការងារចំពោះមុខត្រូវបញ្ចប់ការងារនេះដោយប្រសិទ្ធភាពនិងសុក្រឹត្យភាពតាមរយៈការចុះបញ្ជីដីឱ្យបានត្រឹមត្រូវហើយត្រូវចុះបញ្ជីជាប្រព័ន្ធតែម្តង។


យោងតាមរបាយការណ៍លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់ខេត្តក្រចេះមានក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីចំនួន ២២០,១០៦ក្បាលដី, ក្បាលដីដែលបានវាស់វែង ចំនួន ១៨៥,១១៩ក្បាលដី, ក្បាលដីបានវាស់វែងកំពុងបន្តនីតិវិធី ចំនួន ៨៩,៥១៥បណ្ណ/ក្បាលដី, ក្បាលដីមិនទាន់វាស់វែង ចំនួន ៣៤,៩៨៧បណ្ណ/ក្បាលដី។ ដោយឡែកសម្រាប់ក្បាលដីពុំទាន់វាស់វែង មានចំនួន ៣៤,៩៨៧ បណ្ណ/ក្បាលដី ដោយក្នុងនោះគ្រោងប្រកាសតំបន់វិនិច្ឆ័យឱ្យបានចប់មុនបំណាច់ខែសីហា ឆ្នាំ២០២៥ និងគ្រោងវាស់វែងឱ្យបានចប់មុនបំណាច់ខែធ្នូ ឆ្នាំ២០២៥។


យោងតាមរបាយការណ៍របស់ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា ការដោះស្រាយវិវាទដីធ្លី រដ្ឋបាលខេត្តប្រើយន្តការក្រុមការងារចម្រុះថ្នាក់ខេត្ត ដឹកនាំដោយអភិបាលរងខេត្តទទួលបន្ទុកចំនួន ១រូប ជាប្រធានក្រុមការងារ និងមានការចូលរួមពីសមាសភាពមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងមានលេខាធិការដ្ឋានដោះស្រាយវិវាទដីធ្លីជាសេនាធិការគណៈកម្មការសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្រុង ស្រុក។ ជារួមគ្រប់យន្តការ និងការដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឱ្យមានសកម្មភាពរស់រវើកប្រកបដោយភាពទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ដើម្បីខិតខំបញ្ចប់សំណុំរឿងវិវាទទាំងនោះ។ ជាក់ស្ដែងសំណុំរឿងវិវាទដីធ្លីក្នុងខេត្តត្រូវបានក្រុមការងារខេត្ត ស្រុក និងឃុំ សង្កាត់កំពុងបន្តដោះស្រាយជាបន្តបន្ទាប់។


គួរឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះមានគោលបំណងដោះស្រាយវិវាទដីធ្លី ដែលទាមទារការចូលរួមពីគ្រប់ថ្នាក់ដឹកនាំតាមបណ្តាក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីពាក់ព័ន្ធ សំដៅដោះស្រាយការចុះបញ្ជីដីជូនប្រជាពលរដ្ឋ និងចុះបញ្ជីដីរដ្ឋ សំដៅធានាសុវត្ថិភាព ការគ្រប់គ្រង កាត់បន្ថយវិវាទដីធ្លី ជំរុញការផ្តល់សេវាសាធារណៈកាន់តែរហ័ស បង្កេីតនូវបរិយាកាសគ្មានវិវាទ បិទបញ្ចប់ការវាស់វែង និងសំណុំរឿងពាក់ព័ន្ធដីធ្លីទូទាំងខេត្តក្រចេះ៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top